លិចទូក១គ្រឿងនៅសមុទ្រពយសារឿង និងកោះតាង ខេត្តព្រះសីហនុ បាត់ខ្លួនមនុស្សជាង២០នាក់
ព័ត៌មានបឋមបានឲ្យដឹងថា ពេលនេះសមត្ថកិច្ច និងក្រុមសង្គ្រោះចុះអន្តរាគមន៌ជួយសង្គ្រោះទូកដឹកជនជាតិចិន៤១នាក់លិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឿង និងកោះតាង កាលល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។បើតាមសមត្ថកិច្ចឲ្យដឹងថា ភ្លាមៗមានតែមនុស្ស១៨នាក់ប៉ុណ្ណោះដែលបានជួយសង្គ្រោះនាំមកដល់ដីគោក នៅសល់២៣នាក់ទៀតបាត់ខ្លួន។
សូមបញ្ជាក់ថា តាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះCHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះដែលបានលិចទូកនោះ បានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាល់លឿន០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ០១គ្រឿងនៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ចំនួន០២នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ១គ្រឿង ប្រភេទទូកអូស ពណ៌បៃតង មានមនុស្សចំនួន០៦នាក់ បានមកទទួលយកតៃកុងខ្មែរ០២នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានជិតលិចបាត់នេះនៅកណ្តាលសមុទ្រ ។
ទន្ទឹមនេះដែរ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះដែលជួបហេតុការណ៌លិចទូកនៅចន្លោះកោះតាង បើជួយបាន០១នាក់ រដ្ឋបាលខេត្តនឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល។
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្ក្រាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្គ្រោះ និងសង្គ្រោះមនុស្សបានចំនួន១៨នាក់។
ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្គ្រោះបាន១៨នាក់ បាត់ខ្លួនចំនួន២៣នាក់ ស្រី០៣នាក់។ បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។
ជាមួយគ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព។
សូមជម្រាបជូនថា ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង២៣នាក់ បាន និងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ៕
Post a Comment