ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទទួលខុសត្រូវទាំងស្រុងចំពោះថ្នាក់ដឹកនាំក្នុងករណីដែលមូលដ្ឋានរបស់ខ្លួនកេីតមានករណីល្បែងស៊ីសងខុសច្បាប់និងករណីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហេីយគ្មានចំណាត់ការអ្វីសោះ
នៅព្រឹក ថ្ងៃចន្ទ៩រោច ខែភទ្របទឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំធំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំប្រជុំផ្សព្វផ្សាយពីលទ្ធផលនិងកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបង ក្នុងរយៈពេល៩ខែឆ្នាំ២០២២និងផ្សព្វផ្សាយសេចក្តីសម្រេចលេខ៦២សសរចុះថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២របស់រាជរដ្ឋាភិបាល ស្តីពីការបង្កេីតក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រីស្នងការរង អនុប្រធានផែនលោកនាយការិយាល័យជំនាញចំណុះស្នងការដ្ឋាន លោក អធិការ នគរបាលក្រុង ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ហេីយបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទទួលខុសត្រូវទាំងស្រុងចំពោះថ្នាក់ដឹកនាំក្នុងករណីដែលមូលដ្ឋានរបស់ខ្លួនកេីតមានករណីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងករណីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហេីយនាយប៉ុស្តិ៍ទាំងនោះគ្មានចំណាត់ការលេីបញ្ហានេះ ៕
Post a Comment