សកម្មជនប្រឆាំងម្នាក់ ត្រូវជាប់ពន្ធនាគារពីបទពាក់ឈុតដូចព្រះមហាក្សត្រិយានីថៃ
សកម្មជនប្រឆាំងនៅប្រទេសថៃម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ បន្ទាប់ពីតុលាការរកឃើញថា នាងមានទោសប្រមាថព្រះមហាក្សត្រដោយស្លៀកពាក់ដូចព្រះមហាក្សត្រិយានីថៃ។
នាង Jatuporn Saeoueng អាយុ២៥ឆ្នាំ បានពាក់ឈុតផ្កាឈូក នៅឯកន្លែងបាតុកម្មនយោបាយក្នុងទីក្រុងបាងកក កាលពីឆ្នាំ ២០២០។ ដែលត្រូវបានចោទប្រកាន់ថាជាឈុតរបស់ព្រះមហាក្សត្រិយានីថៃ រួមទាំងកាយវិការដើរលើកម្រាលព្រំក្រហម អមដោយអ្នកចូលរួមដែលកាន់ឆ័ត្រពីលើក្បាលរបស់នាងផងដែរ។
ទោះយ៉ាងណា នាងបានបដិសេធការចោទប្រកាន់ពីការប្រមាថព្រះមហាក្សត្រ ដោយនិយាយថា នាងគ្រាន់តែស្លៀកសម្លៀកបំពាក់ប្រពៃណីថៃតែប៉ុណ្ណោះ ដ្បិតប្រទេសថៃមានច្បាប់ដ៏ល្បី និងតឹងរ៉ឹងបំផុតមួយ ដែលហាមប្រាមការរិះគន់ព្រះមហាក្សត្រ និងសែស្រឡាយរាជរវង្សដទៃទៀត ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានោះ ក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះសាលក្រមរបស់តុលាការ ដែលចេញកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ។ ដោយ Jaturpon ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែត្រូវបានបន្ថយមកនៅត្រឹម២ឆ្នាំវិញ។
គួរបញ្ជាក់ថា ចាប់តាំងពីព្រះមហាក្សត្រ Maha Vajiralongkorn ឡើងសោយរាជ្យនៅក្នុងឆ្នាំ ២០១៩ ក្រុមសិទ្ធិមនុស្សបាននិយាយថា អាជ្ញាធរបានអនុវត្តច្បាប់ប្រមាថព្រះមហាក្សត្រកាន់តែខ្លាំងឡើងៗ ដើម្បីលុបបំបាត់ចលនាតវ៉ាដែលទាមទារឱ្យមានកំណែទម្រង់របបរាជានិយមដ៏មានឥទ្ធិពល។ ហើយជាក់ស្តែង ក្រុមអ្នកច្បាប់ថៃបានអះអាងថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ បាតុករយ៉ាងហោចណាស់២១០នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បន្ទាប់ពីរយៈពេល៣ឆ្នាំ ដែលច្បាប់នេះ មិនត្រូវបានអនុវត្តទាល់តែសោះ៕
Post a Comment