រថក្រោះដំបូងគេបង្អស់ក្នុងពិភពលោក ត្រូវផលិតដោយអង់គ្លេសដោយកុហកថា យកប្រើដើម្បីដឹកទឹក
រថក្រោះទីមួយក្នុងពិភពលោក មានឈ្មោះថា «Little Willie» ត្រូវបានបញ្ចេញនៅខែកញ្ញា ឆ្នាំ១៩១៥ ក្នុងអំឡុងសង្គ្រាមលោកលើកទី១។
គំនិតនៃការផលិតរថក្រោះនេះ គឺនៅក្នុងឆ្នាំ១៩១៤ នៅពេលដែលឧត្តមសេនីយ៍អង់គ្លេសលោក Ernest Swinton និងលេខាធិការទទួលបន្ទុកគណៈកម្មាធិការការពារជាតិអង់គ្លេស លោក William Hankey បានគិតថា គួរតែមានការផលិតនូវយានយន្តបំពាក់អាវុធមួយដែលកង់របស់វាព័ទ្ធជុំវិញដោយដែក ក្នុងការទម្លុះខ្សែការពាររបស់សត្រូវ និងអាចធ្វើដំណើរឆ្លងកាត់តំបន់ភូមិសាស្រ្តដែលពិបាកៗខ្លាំង។
គំនិតរបស់អ្នកទាំងពីរខាងលើ ត្រូវបានរដ្ឋមន្រ្តីទ័ពជើងទឹកអង់គ្លេស លោក Winston Churchill ទទួលយក ហើយចាប់ផ្តើមបង្កើតគណៈកម្មាធិការដើម្បីជំរុញការផលិត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ពេលផលិតរថក្រោះនេះ គឺអង់គ្លេសបានរក្សាការសម្ងាត់ពិសេសមិនឱ្យសត្រូវដឹងជាដាច់ខាត ពោលគឺសូម្បីតែកម្មករដែលផលិតរថក្រោះនេះ ក៏មិនដឹងផង ដោយពួកគេត្រូវបានកុហកថា សង់យានយន្តសម្រាប់ដឹកទឹក (Tank) នៅសមរភូមិតែប៉ុណ្ណោះ ។ ដូច្នេះចាប់ពីពេលនោះមក ពាក្យថា Tank ដែលបកប្រែថា «ធុងទឹក» នោះ គឺក៏ត្រូវបានប្រើប្រាស់ជាប់មករហូតសម្រាប់បកប្រែថា «រថក្រោះ» ។
យ៉ាងណាមិញ រថក្រោះ Little Willie គឺនៅមិនទាន់អាចបំពេញតម្រូវការរបស់ទាហានអង់គ្លេសឡើយ ពោលគឺការបំពេញមុខងាររបស់វាយឺតណាស់ មិនអាចឆ្លងកាត់ទម្លុះលេណដ្ឋាន និងម៉ាស៊ីនក្តៅជ្រុល។ ភា្លមៗក្រោយមក អង់គ្លេស ក៏សម្រេចចិត្តផលិតរថក្រោះទី២ ដែលមានឈ្មោះថា «Big Willie»។ ក្នុងឆ្នាំ១៩១៦ រថក្រោះនេះបានសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងសមរភូមិ Battle of the Somme ដែលប្រយុទ្ធជាមួយនឹងទ័ពអាល្លឺម៉ង់៕
Post a Comment