តើ​ស្តេច​ថ្មី​របស់​ចក្រភព​អង់គ្លេស​ជា​នរណា?

  ឆា​លស៍ ភី​លី​ព អា​ធឺ ច​ច (Charles Philip Arthur George) គឺជា​ព្រះ​អង្គ​ម្ចាស់​នៃ​ប្រទេស​វេ​លស៍ (Wales) មុន​ពេល​ម្ចាស់​ក្ស​ត្រី អេ​លី​ហ្សា​បេ​តទី ២​សោយ​ទីវ​ង្គ​ត់​។ ប​ច្ច​ប្បន្នព្រះ​អង្គ​បាន​ឡើង​សោយរាជ​សម្បត្តិ​ជា​ផ្លូវការ​ជា​ស្តេច ឆា​លស៍​ទី ៣ ក្នុង​ព្រះ​ជន្ម ៧៤​ព្រះ​វស្សា​។



ព្រះ​អង្គ​ប្រ​សូត្រ​នៅ​ថ្ងៃ​ទី ១៤ ខែ​វិ​ច្ឆិកា ឆ្នាំ ១៩៤៨ និង​ជា​បុត្រា​ដំបូង​បង្អស់​របស់​ម្ចាស់​ក្ស​ត្រី​អេ​លី​ហ្សា​បេ​ត (Elizabeth) និង​ព្រះ​អង្គ​ម្ចាស់ ភី​លី​ព (Phillip)​។ ក្នុង​នាម​ជា​ព្រះមហាក្សត្រ ព្រះ​អង្គ​ក្លាយជា​ស្តេច​នៃ​ចក្រភព​អង់គ្លេស និង​រដ្ឋ​អធិបតេយ្យ​ចំនួន ១៤​ទៀត​។

ព្រះ​អង្គ​ត្រូវ​បាន​អ្នក​សរសេរ​ជីវប្រវត្តិ​ពិពណ៌នា​ថា​ជា​បុរស​ចិត្តទន់ និង​ជា​មនុស្ស​ចូល​ចិត្ត​មើល​ការ​ថែ​សួន​នៅ​ក្នុង​វិមាន​ជនបទ​របស់​ព្រះ​អង្គ​។ ព្រះ​អង្គជា​ជាងគំនូរ​ទឹក​ពណ៌​ដ៏​ប៉ិន​ប្រសប់ និង​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​អនុវត្ត​បែប​ប្រពៃណី​នៅ​ជនបទ​។

ព្រះ​អង្គ​ម្ចាស់ ឆា​លស៍ បាន​សិក្សា​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​អូស្ត្រាលី​លើ​មុខ​វិជ្ជា បុរាណវិទ្យា និង​នរវិទ្យា និង​ប្រវត្តិវិទ្យា​នៅ​មហាវិទ្យាល័យ Trinity នៃ​សកល​វិទ្យាល័យ Cambridge នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ មុន​ពេល​ព្រះ​អង្គ​បាន​ក្លាយជា​អ្នក​បើ​យន្តហោះ​នៃ​កងទ័ព​ជើង​អាកាស​របស់​អង់គ្លេស​។

ក្នុង​ព្រះ​ជន្ម ៣១​ព្រះ​វស្សា ព្រះ​អង្គ​ម្ចាស់ ឆា​លស៍ បាន​រៀប​អភិសេក​ជាមួយនឹង​ព្រះ​នាង​របស់​ប្រទេស​វេ​លស៍ និង​អ្នកគ្រូ​ម​ត្តេ​យ្យ​វ័យ ១៩​ឆ្នាំ​ម្នាក់​ឈ្មោះ ដាយ​អាណា ស្ពេ​ន​សឺ (Diana Spencer) នៅ​ក្នុង​ឆ្នាំ ១៩៨១​។ ពិធី​រៀប​អភិសេក​របស់​ព្រះ​អង្គ​មាន​អ្នក​ទស្សនា​ជិត ៨០០​លាន​នាក់​ទូ​ទាំង​ពិភពលោក​។

ព្រះ​អង្គ​មាន​បុត្រ ២​អង្គ​គឺ ព្រះ​អង្គ​ម្ចាស់ វី​លៀម (Prince William) ប្រ​សូត្រ​នៅ​ក្នុង​ឆ្នាំ ១៩៨២ និង​ព្រះ​អង្គ​ម្ចាស់​ហារី (Prince Harry) ប្រ​សូត្រ​នៅ​ក្នុង​ឆ្នាំ ១៩៨២​។

ប៉ុន្តែ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ព្រះ​អង្គ​ទាំង​ពីរ​មាន​ភាព​រកាំរកូស និង​បរាជ័យ និង​ធ្វើ​ឲ្យ​បែកបាក់​គ្នា​។ ព្រះ​អង្គ​ម្ចាស់​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដោយ​ទទួលស្គាល់​ថា​ព្រះ​អង្គ​មិន​មាន​ភាព​ស្មោះត្រង់​។ ចំណែក​ព្រះ​នាង ដាយ​អាណា ក៏​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​ផង​ដែរ​ថា “​មាន​មនុស្ស ៣​នាក់​នៅ​ក្នុង​អាពាហ៍ពិពាហ៍​នេះ ដូច្នេះ​វា​ពិតជា​ចង្អៀត​ណាស់​” ដោយ​ព្រះ​នាង​ចង់​សំដៅ​ថា ព្រះ​អង្គ​ម្ចាស់ ឆា​លស៍ បន្ត​មាន​ទំនាក់ទំនង​ជាមួយនឹង​នាង ខា​មី​ឡា ផា​ឃឺ បូ​វ​ស៍ (Camila Parker Bowles) ដែល​ជា​អតីត​មិត្ត​ស្រី​របស់​ព្រះ​អង្គ មុន​ពេល​ព្រះ​អង្គ​រៀប​អភិសេក​។ ព្រះ​អង្គ​ម្ចាស់ ឆា​លស៍ និង​ព្រះ​នាង ដាយ​អាណា បាន​លែងលះ​គ្នា​នៅ​ក្នុង​ឆ្នាំ ១៩៩៦​។

មួយ​ឆ្នាំ​ក្រោយមក សោកនាដកម្ម​បាន​កើតឡើង នៅ​ពេល​ព្រះ​នាង ដាយ​អាណា បាន​សោយ​ទីវ​ង្គ​ត់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​បារី​ស ប្រទេស​បារាំង​។ ប្រជាជន​ជុំវិញ​ពិភពលោក​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ព្រះ​នាង​។

បន្ទាប់​ពី​ការ​សោយ​ទីវ​ង្គ​ត់របស់​ព្រះ​នាង ដាយ​ណា​ដា ព្រះ​អង្គ​ម្ចាស់ ឆា​លស៍ និង ខា​មី​ឡា បន្ត​ទំនាក់ទំនង​ជាមួយ​គ្នា ហើយ​ទីបំផុត អ្នក​ទាំង​ពីរ​បាន​រៀប​អភិសេក​នៅ​ក្នុង​ឆ្នាំ ២០០៥​។

ក្នុង​នាម​ជា​ព្រះ​អង្គ​ម្ចាស់ ព្រះ​អង្គ​បាន​ថ្លែង​ពី​បញ្ហា​សំខាន់​សម្រាប់​គាត់ ដោយ​ធ្វើការ​តស៊ូ​មតិ​សម្រាប់​សកម្មភាព​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​។ កាលពី​ឆ្នាំ ២០២១ ព្រះ​អង្គ​គឺជា​វាគ្មិន​ដ៏​លេចធ្លោ​ម្នាក់​នៅ​ក្នុង​ស​ន្និ​សិ​ទ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Glasgow ប្រទេស​ស្កុ​តឡែ​ន​។

កាលពី​ថ្ងៃ​ទី ៩ ខែកញ្ញា​កន្លង​ទៅ​នេះ ព្រះ​អង្គ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មនុស្ស​ជា​ច្រើន​នៅ​ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ដល់​ព្រះរាជវាំង Buckingham សម្រាប់​ចូល​កាន់​តំណែង​ជា​ស្តេច ឆា​លស៍​ទី ៣​នៃ​ចក្រភព​អង់គ្លេស​៕ 

Powered by Blogger.