ផ្អាកចរាចរណ៍យានយន្តធុនធំឆ្លងកាត់ផ្លូវខេត្តលេខ២៦៨A ព្រៃមាន់អាងត្រពាំងថ្មស្រុកភ្នំស្រុកព្រោះជំនន់ទឹកភ្លៀងលិចនិងហូរកាត់លេីផ្លូវ
ផ្អាកចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទឆ្លងកាត់ផ្លូវខេត្តលេខ២៦៨A ព្រៃមាន់-ភ្នំស្រុក-អាងត្រពាំងថ្មដោយសារជំនន់ទឹកភ្លៀងលិចនិងហូរកាត់ចំណុចនៃកំណាត់ផ្លូវនេះ ។
ចំពោះមុខមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិងរដ្ឋបាលស្រុកភ្នំស្រុកនឹងដាក់គ្រឿងចក្រកាយបើកមុខទឹកដើម្បីដោះស្រាយការជន់លិចផ្លូវនេះ ។
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានសេចក្តីជូនដំណឹងចុះថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២ ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
លោកសុក ចាន់ថា មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ អោយដឹងថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះនិងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលអោយមានជំនន់ទឹកភ្លៀងលិចនិងហូរកាត់ផ្លូវមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសកំណាត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក។ដូច្នេះ មន្ទីរត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំអោយបាក់ស្រុតនិងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ។
លោកប្រធានមន្ទីរនិងលោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកនៅល្ងាចថ្ងៃទី២១ខែកញ្ញាបានប្រាប់ថា : មូលហេតុនាំអោយជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវខេត្តលេខ២៦៨A ចំណុចស្ពានស្នោរមុខការិយាល័យកសិកម្មស្រុកនិងចំណុចជិតស្ពាននាគមាឃុំស្រះជីកស្រុកភ្នំស្រុកនាពេលនេះ បណ្តាលមកពីជំនន់ទឹកភ្លៀងមកពីប្រព័ន្ធធារាសាស្ត្រស្ពានស្រែងដែលទទួលរបបទឹកជំនន់ពីស្ទឹងស្រែងនិងទឹកភ្លៀងធ្លាក់ពីភូមិសាស្ត្រខេត្តឧត្តរមានជ័យនិង១ទៀតមកពីមុខទឹកហូរត្រូវស្ទះដោយការចាក់ដីមុខលូនិងស្ពាន ។
ដូច្នេះ មន្ទីរនិងអាជ្ញាធរនឹងយកគ្រឿងចក្រទៅកាយបើកមុខទឹក រំដោះទឹកអោយបានលូក្រោមលូនិងស្ពានជាធម្មតាវិញ នោះ ជំនន់ទឹកភ្លៀងធារទឹកប៉ុណ្ណេះ អាចនឹងមិនលិចនិងហូរកាត់កំណាត់ផ្លូវទៀតទេ ៕
Post a Comment